បន្ទាប់ពីការឡើងកាន់អំណាចរបស់ពួកប៉ុល ពត អៀង សារី ខៀវ សំផន នួន ជា កាលពីថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ មកប្រជាពលរដ្ឋកម្ពុជាសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងរស់នៅដោយសុខសន្តិភាពនិងការអភិវឌ្ឍន៍ ប៉ុន្តែផ្ទុយទៅវិញរបបអាវខ្មៅមួយនេះបានប្រែក្រឡាស់និងបានបំផ្លាញ់ចោលសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា ដោយចាប់ផ្តើមអនុវត្តគោលនយោបាយបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និង ទីប្រជុំជននានាអោយទៅរស់នៅ និងធ្វើស្រែចំការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចំការ។
ប្រជាពលរដ្ឋកម្ពុជា ត្រូវបានដាក់ អោយរស់នៅ និងធ្វើការជាក្រុម ជាសហករនៅតាមទីជនបទ និងបង្ខំអោយស៊ីរួមដេករួម។ ប្រជាពលរដ្ឋកម្ពុជាជាង២លាននាក់បានស្លាប់បាត់បង់ជីវិតដោយសាការធ្វើទារុណកម្ម ការកាប់សំលាប់ បាក់កំលាំង អត់អាហារ និងគ្មានថ្នាំព្យាបាលជំងឺដោយសារតែរបបប៉ុលពតក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ។ អ្វីៗគឺសុទ្ធតែផ្ទុយនឹងសីលធម៌ទាំងអស់។
របបប៉ុលពត បានអប់រំតែអំពើហឹង្សា កំហឹងវណ្ណៈ រហូតដល់បងហ៊ានសម្លាប់ប្អូនកូនហ៊ានសម្លាប់ឳពុក។ ពួកអ្នកធ្លាប់ធ្វើមន្ត្រីរាជការ ឬ ទាហានពីរបបមុនៗ ត្រូវគេប្រមូលយកទៅសម្លាប់ទាំងក្រុមៗ គេផ្តាច់កម្មសិទិ្ធមិនឲ្យមានអ្វីៗទាំងអស់ក្រៅពីសំលៀកបំពាក់ជាប់នឹងខ្លួន។ គេបិទមិនឲ្យមានសាសនា មិនឲ្យមានប្រាក់ចាយ និងបង្អត់បាយមិនឲ្យហូបគ្រប់គ្រាន់ ហើយបង្ខំឲ្យធ្វើការធ្ងន់បាក់កំលាំងដោយការអត់ឃ្លានខ្លាំងពេក សូម្បីតែអាចារ្យក៏ត្រូវដាច់សិលចេះលួចនិងចេះសម្លាប់សត្វ។
អង្គការរបស់ប៉ុល ពត បានប្លន់យកទាំងស្រុងនូវ សមិទិ្ធផលនៃការតស៊ូរបស់ប្រជាជនកម្ពុជាដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយបានបំផ្លាញអស់នូវតម្លៃរបស់មនុស្ស ក៏ដូចជារចនាសម្ព័ន្ធនៃសង្គមជាតិទាំងមូល។ ប្រជាជនត្រូវបាត់បង់ទាំងស្រុងនូវសិទិ្ធសេរីភាពគ្រប់យ៉ាងត្រូវរស់នៅក្នុងភាពភ័យរន្ធត់ តក់ស្លុត អស់សង្ឃឹម ហើយទទួលរងនូវទារុណកម្ម និងការសម្លាប់រង្គាលនៅក្រោមរបបដ៏ឃោរឃៅនេះ។
ទឹកដីកម្ពុជាទាំងមូលបានក្លាយទៅជាវាលពិឃាត ដែលដិតដាមជោគជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនស្លូតត្រង់។ នៅក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាត្រូវបានរុញច្រានឲ្យឈានដល់មាត់រណ្តៅនៃគ្រោះរលាយសូន្យ។
ប៉ុន្តែជាសំណាងល្អ ក្រុមយុទ្ធជនកម្ពុជាដែលក្លាហានបានសំរេចរួបរួមគ្នា និងបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមួយនៅថ្ងៃទី២ធ្នូឆ្នាំ១៩៧៨ នៅស្រុកស្នួលខេត្តក្រចេះ និងបានរំដោះប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។
ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាអង្គការចាត់តាំងមហានគរមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិនៅក្នុងតំបន់រំដោះនៅភូមិជើងឃ្លូ ឃុំស្នួល នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីតបតទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួលការជួយឧត្តម្ភយ៉ាងធំធេងពីកងទ័ពស្មគ្រ័ចិត្តវៀតណាម និងការគាំទ្រពីមិត្តភក្តិជិតឆ្ងាយលើសកលលោកផងនោះ ក៍បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតដល់បានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសម័យកាលថ្មី ប្រជាជនកម្ពុជាក៏បានទទួលមកវិញនូវសិទិ្ធសេរីភាព និងឱកាសដើម្បីស្តារនិងកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូប ដែលរស់នៅសេសសល់ពីស្លាប់សុទ្ធតែចងចាំជានិច្ចនូវថ្ងៃជ័យជំនះនេះ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំ រណសិរ្សសាមគ្គីសង្គ្រោះជាតិបានដឹកនាំប្រទេសក្នុងស្ថានភាពដ៏លំបាក ដោយត្រូវកសាងប្រទេសឡើងវិញចាប់ពីលេខសូន្យផង និងការប្រឈមមុខនឹងរាល់ផលលំបាកដ៏ធ្ងន់ធ្ងរ ដែលរបបប្រល័យពូជសាសន៍បានបន្សល់ទុកផង និងត្រូវបានស្ថិតក្នុងកាលៈទេសៈមានសន្តិភាព និងសង្គ្រាមផង ដែលបន្តងើបឡើងក្នុងមហិច្ឆិតា ប៉ុនប៉ងវិលត្រលប់មកវិញនៃរបបដ៏ឃោរឃៅនេះ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំ រណសិរ្សសាមគ្គីសង្គ្រោះជាតិបានដឹកនាំប្រទេសក្នុងស្ថានភាពដ៏លំបាក ដោយត្រូវកសាងប្រទេសឡើងវិញចាប់ពីលេខសូន្យផង និងការប្រឈមមុខនឹងរាល់ផលលំបាកដ៏ធ្ងន់ធ្ងរ ដែលរបបប្រល័យពូជសាសន៍បានបន្សល់ទុកផង និងត្រូវបានស្ថិតក្នុងកាលៈទេសៈមានសន្តិភាព និងសង្គ្រាមផង ដែលបន្តងើបឡើងក្នុងមហិច្ឆិតា ប៉ុនប៉ងវិលត្រលប់មកវិញនៃរបបដ៏ឃោរឃៅនេះ។
ប៉ុន្តែថ្នាក់ដឹកនាំនៃរណសិរ្សនេះបានតស៊ូពុះពារជំនះរាល់ឧបសគ្គតូច-ធំទាំងឡាយដោយជោគជ័យធ្វើឲ្យប្រទេសជាតិបានផ្លាស់ប្តូររីកចំរើនជាជំហានៗឆ្លងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតជាបន្តបន្ទាប់រហូតមានថ្ងៃនេះ។
ជាប្រវិត្តិសាស្ត្រជាក់ស្តែងបានបង្ហាញ យ៉ាងច្បាស់ថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសំរេចស្នាដៃដ៏ធំធេងក្នុងការស្តារកសាង និងការពារជាតិរបស់ខ្លួន។
ជារួមថ្នាក់នាំរណសិរ្សនេះ បានទប់ស្កាត់នូវការគំរាមគំហែងវិលត្រលប់មកវិញនៃរបបប្រល័យ ពូជសាសន៍បានស្តារខឿនសេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរបស់ប្រជាជន តាំងពីដំណាក់កាលដែលត្រូវបំផ្លាញខ្ទេចខ្ទីឲ្យឈានមកដល់ដំណាក់កាលដែលមានការអភិវឌ្ឍន៍ជាជំហានៗ។
កម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំ រ៉ៃរាប់ទសវត្សធ្វើឲ្យប្រជាជាតិនិងទឹកដីទាំងមូលបានឯកភាពទាំងស្រុងបង្កើតបានជាសន្តិភាពពេញលេញឡើងវិញនៅទូទាំងប្រទេស។ សិទិ្ធសេរីភាពប្រជាធិបតេយ្យនិងនិតិរដ្ឋកាន់តែត្រូវបានពង្រីកឥតឈប់ឈរ ហើយព្រមជាមួយនោះកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ក៏ត្រូវបានស្តារនិងលើកកំពស់ឡើងវិញលើឆាកអន្តរជាតិ។
ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ន ហើយជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ។
ជារៀងរាល់ឆ្នាំ គណបក្សប្រជាជនកម្ពុជាដែលគណបក្ស គ្រប់គ្រងអំណាច បានប្រារព្ធយ៉ាងគគ្រឹកគគ្រេង នូវខួបថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ជនរួមជាតិ ខ្មែរនិងជាថ្ងៃធ្វើឲ្យកម្ពុជារួចផុតពីរបបវាលពិឃាតដែលសម្លាប់ជាតិសាសន៍ឯងរាប់លាននាក់ ។
ការប្រារព្ធខួប៣៤ឆ្នាំ ថ្ងៃ៧មករា ១៩៧៩-ថ្ងៃ៧មករា២០១៣ បានបង្ហាញឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ នឹកឃើញឡើងវិញនូវការឈឺចាប់និងទុក្ខវេទនានៃការឆ្លងកាត់របបវាលពិឃាតដ៏មហាយង់ឃ្នង ហើយពុំមានពេលណាដែលខ្មែរអាចបំភ្លេចអំពីទុក្ខសោកនៅក្នុងរបបប្រល័យពូជសាសន៍បានឡើយ។ ពួកខ្មែរក្រហមបានកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយបានបង្កឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិចចំនួន១,៧លាននាក់ស្លាប់បាត់បង់ជីវិត៕(ដោយ វ៉ា សំណព្វ)