Monday, May 19, 2014

ប្រវត្តិថ្ងៃរំដោះ 7 មករា 1779

​បន្ទាប់​ពី​ការឡើង​កាន់​អំណាច​របស់​ពួក​ប៉ុល ពត អៀង សារី ខៀវ សំផន នួន ជា កាលពី​ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​​១៩៧៥ ​​មក​ប្រជាពលរដ្ឋ​កម្ពុជា​សង្ឃឹមថា ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​​រស់​នៅ​ដោយ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍ ប៉ុន្តែ​ផ្ទុយទៅវិញ​របប​អាវ​ខ្មៅ​មួយ​នេះ​បាន​ប្រែ​ក្រឡាស់​និង​បាន​បំផ្លាញ់ចោល​សេចក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​បណ្តេញ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ពី​ទីក្រុង​ភ្នំពេញ និង ទីប្រជុំជន​នានា​អោយទៅ​រស់នៅ និង​ធ្វើស្រែ​ចំការ​នៅតាម​តំបន់​ភូមិ​ភាគ​នានា​ស្ថិតនៅ​ស្រុក​ស្រែចំការ​។
ប្រជាពលរដ្ឋ​កម្ពុជា ត្រូវបាន​ដាក់ អោយ​រស់នៅ និង​ធ្វើការ​ជា​ក្រុម ជាស​ហករ​នៅតាម​ទីជនបទ និង​បង្ខំ​អោយ​ស៊ី​រួម​ដេក​រួម​។ ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​២​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសា​ការ​ធ្វើ​ទារុណកម្ម ការកាប់សំលាប់ បាក់​កំលាំង អត់​អាហារ និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​ដោយសារ​តែ​របប​ប៉ុលពត​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ និង​​២០​ថ្ងៃ​។​ អ្វីៗ​គឺ​សុទ្ធតែ​ផ្ទុយ​នឹង​សីលធម៌​ទាំងអស់​។
របប​ប៉ុលពត​ បាន​អប់រំ​តែ​អំពើហឹង្សា កំហឹង​វណ្ណៈ រហូត​ដល់​បង​ហ៊ាន​សម្លាប់​ប្អូន​កូន​ហ៊ាន​សម្លាប់​ឳ​ពុក​។ ពួក​អ្នក​ធ្លាប់​ធ្វើ​មន្ត្រីរាជការ ឬ ទាហាន​ពី​របប​មុនៗ ត្រូវ​គេ​ប្រមូល​យក​ទៅ​សម្លាប់​ទាំង​ក្រុមៗ គេ​ផ្តាច់​ក​ម្ម​សិទិ្ធ​មិនឲ្យ​មាន​អ្វីៗ​ទាំងអស់​ក្រៅពី​សំលៀកបំពាក់​ជាប់​នឹង​ខ្លួន។ គេ​បិទ​មិនឲ្យ​មានសាសនា​​ មិនឲ្យ​មាន​ប្រាក់ចាយ និង​បង្អត់​បាយ​មិន​ឲ្យ​ហូប​គ្រប់គ្រាន់ ហើយ​បង្ខំ​ឲ្យធ្វើ​ការធ្ងន់​បាក់កំលាំង​ដោយ​ការអត់ឃ្លាន​ខ្លាំងពេក សូម្បី​តែ​អាចារ្យ​ក៏​ត្រូវ​ដាច់​សិល​ចេះ​លួច​និង​ចេះ​សម្លាប់​សត្វ​។
អង្គការ​របស់​ប៉ុល ពត បាន​ប្លន់​យក​ទាំងស្រុង​នូវ សមិទិ្ធផល​នៃ​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​ដើម្បី​ឯករាជ្យ សន្តិភាព និង​សេរីភាព ហើយ​បាន​បំផ្លាញ​អស់​នូវ​តម្លៃ​របស់​មនុស្ស ក៏ដូចជា​រចនាសម្ព័ន្ធ​នៃ​សង្គមជាតិ​ទាំងមូល​។ ប្រជាជន​ត្រូវ​បាត់បង់​​ទាំងស្រុង​នូវ​សិទិ្ធសេរីភាព​គ្រប់យ៉ាង​ត្រូវ​រស់នៅ​ក្នុង​ភាព​ភ័យ​រន្ធត់ តក់ស្លុត អស់សង្ឃឹម ហើយ​​ទទួលរង​នូវ​ទារុណកម្ម និង​ការសម្លាប់​រង្គាល​នៅ​ក្រោម​របប​ដ៏​ឃោរឃៅ​នេះ​។
ទឹកដី​កម្ពុជា​ទាំង​មូល​បាន​ក្លាយទៅជា​វាលពិឃាត ដែល​ដិតដាម​ជោគជាំ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​ស្លូតត្រង់​។ នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រជាជន​កម្ពុជា​ត្រូវបាន​រុញច្រាន​ឲ្យ​ឈាន​ដល់​មាត់រ​ណ្តៅ​នៃ​គ្រោះ​រលាយ​សូន្យ​។​
​ប៉ុន្តែ​ជា​សំណាងល្អ ក្រុម​យុទ្ធជន​កម្ពុជា​ដែល​ក្លាហាន​បានសំរេច​រួបរួមគ្នា និង​បាន​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​មួយ​នៅ​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​១៩៧៨ នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ និង​បាន​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេសជាតិ ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩​។
​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បច្ចុប្បន្ន ត្រូវបាន​ប្តូរ​ឈ្មោះ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែលជា​អង្គការ​ចាត់តាំង​មហានគរ​មួយ​ឈាន​​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​នៅក្នុង​តំបន់​រំដោះ​នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​ស្នួល នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​តបត​ទៅ​នឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​ប្រជាជន​គ្រប់ទិសទី​បាន​ក្រោកឈរ​រួបរួម​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដោយ​បាន​ទទួល​ការជួយ​ឧត្ត​ម្ភ​​យ៉ាង​ធំធេង​ពី​កងទ័ព​ស្មគ្រ័ចិត្ត​វៀតណាម និង​ការគាំទ្រ​ពី​មិត្ត​ភក្តិ​​ជិត​ឆ្ងាយ​លើ​សកលលោក​ផង​នោះ ក៍​បាន​វាយ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូតដល់​បាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។
ជ័យជំនះ​៧​មករា ឆ្នាំ​១៩៧៩ បានបញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បើក​ឡើង​នូវ​សម័យកាល​ថ្មី ប្រជាជន​កម្ពុជា​ក៏​បាន​ទទួល​មក​វិញ​នូវ​សិទិ្ធសេរីភាព និង​ឱកាស​ដើម្បី​ស្តារ​និង​កសាង​មាតុភូមិ​របស់​ខ្លួន​ឡើងវិញ​។ ប្រជាជន​គ្រប់រូប ដែល​រស់​នៅ​សេសសល់​ពី​ស្លាប់​សុទ្ធតែ​ចងចាំ​ជានិច្ច​នូវ​ថ្ងៃ​ជ័យជំនះ​នេះ​។​

​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ ថ្នាក់ដឹកនាំ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ប្រទេស​ក្នុង​ស្ថានភាព​ដ៏​លំបាក ដោយ​ត្រូវ​កសាង​ប្រទេស​ឡើងវិញ​ចាប់​ពី​លេខ​សូន្យ​ផង និង​ការប្រឈមមុខ​នឹង​រាល់​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ ដែល​របប​ប្រល័យពូជសាសន៍​បាន​បន្សល់ទុក​ផង និង​ត្រូវបាន​ស្ថិត​ក្នុង​កាលៈទេសៈ​មាន​សន្តិភាព និង​សង្គ្រាម​​ផង ដែល​បន្ត​ងើបឡើង​ក្នុង​មហិច្ឆិតា ប៉ុនប៉ង​វិល​ត្រលប់​មក​វិញ​នៃ​របប​ដ៏​ឃោរឃៅ​នេះ​។
ប៉ុន្តែ​ថ្នាក់ដឹកនាំ​នៃ​រណសិរ្ស​នេះ​បាន​តស៊ូ​ពុះពារ​ជំនះ​រាល់​ឧបសគ្គ​តូច​-​ធំ​ទាំងឡាយ​ដោយ​ជោគជ័យ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាន​ផ្លាស់ប្តូរ​រីកចំរើន​ជា​ជំហានៗ​ឆ្លង​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត​ជា​បន្តបន្ទាប់​រហូត​មាន​ថ្ងៃនេះ​។​
​ជា​ប្រវិត្តិសាស្ត្រ​ជាក់ស្តែង​បាន​បង្ហាញ យ៉ាងច្បាស់​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមក​នេះ​ផ្តើមចេញ​ពី​ជ័យជំនះ​៧​មករា ប្រជាជន​កម្ពុជា​បានសំរេច​ស្នាដៃ​ដ៏​ធំធេង​ក្នុង​ការស្តារ​កសាង និង​ការពារជាតិ​របស់​ខ្លួន​។
ជា​រួម​ថ្នាក់​នាំ​រណសិរ្ស​នេះ បាន​ទប់ស្កាត់​នូវ​ការ​គំរាម​គំហែង​វិល​ត្រលប់​មកវិញ​នៃ​របប​ប្រល័យ ពូជសាសន៍​បាន​ស្តារ​ខឿន​សេដ្ឋកិច្ច សង្គមកិច្ច និង​ជីវភាព​របស់​ប្រជា​ជន តាំងពី​ដំណាក់កាល​ដែល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ឲ្យ​ឈាន​មក​ដល់​ដំណាក់កាល​ដែលមាន​ការ​អភិវឌ្ឍន៍​ជា​ជំហានៗ​។
កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​រ៉ាំ រ៉ៃ​រាប់​ទសវត្ស​ធ្វើឲ្យ​ប្រជាជាតិ​និង​ទឹកដី​ទាំងមូល​បាន​ឯកភាព​ទាំងស្រុង​បង្កើតបាន​ជា​សន្តិភាព​ពេញលេញ​ឡើងវិញ​នៅ​ទូទាំង​ប្រទេស​។ សិទិ្ធសេរីភាព​ប្រជាធិបតេ​យ្យ​និង​និតិរដ្ឋ​កាន់តែ​ត្រូវបាន​ពង្រីក​ឥតឈប់ឈរ ហើយ​ព្រម​ជាមួយ​នោះ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​ជាតិ ក៏​ត្រូវ​បាន​ស្តារ​និង​លើក​​កំពស់​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​។
​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន ហើយ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​​មិនអាច​បំភ្លេច​បាន​ឡើយ​។
​ជា​រៀងរាល់ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គណបក្ស គ្រប់គ្រង​អំណាច បាន​ប្រារព្ធ​យ៉ាង​គគ្រឹកគគ្រេង នូវ​ខួប​ថ្ងៃ​៧​មករា ដែល​ជា​ថ្ងៃកំណើត​ទី​២ របស់​ជនរួមជាតិ ខ្មែរ​និង​ជា​ថ្ងៃ​ធ្វើឲ្យ​កម្ពុជា​រួចផុត​ពី​របប​វាលពិឃាត​ដែល​សម្លាប់​ជាតិ​សាសន៍​ឯង​រាប់លាន​នាក់ ។
ការ​ប្រារព្ធ​ខួប​៣៤​ឆ្នាំ ថ្ងៃ​៧​មករា ១៩៧៩-​ថ្ងៃ​៧​មករា​២០១៣ បាន​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ នឹក​ឃើញ​ឡើងវិញ​នូវ​ការឈឺចាប់​និង​ទុក្ខវេទនា​នៃ​ការឆ្លង​កាត់​របប​វាលពិឃាត​ដ៏​មហា​យង់ឃ្នង ហើយ​ពុំ​មាន​ពេល​ណា​ដែល​ខ្មែរ​អាច​បំភ្លេច​អំពី​ទុក្ខសោក​នៅក្នុង​របប​ប្រល័យពូជសាសន៍​បានឡើយ។ ពួក​ខ្មែរក្រហម​បាន​កាន់​អំ​ណាច​​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាងតិច​ចំនួន​​១,៧​លាន​នាក់​​ស្លាប់​​បាត់​បង់​​ជីវិត​៕​​(ដោយ វ៉ា សំណព្វ​)

No comments:

Post a Comment